ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋបានស្នើដល់ស្ថាប័នមានសមត្ថកិច្ច បើកការស៊ើបអង្កេតលើការចោទប្រកាន់ថា មានការទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការមិនអនុញ្ញាតឱ្យអ្នកទទួលការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅឃុំស្រយង់ និងឃុំគូលេនជើង ខេត្តព្រះវិហារ។
តាមព័ត៌មានដែលទទួលបាន ក្នុងចំណោមសំណើដេញថ្លៃ មានក្រុមហ៊ុន អៀ គីមលាង ដាក់តម្លៃ ២៧១.០០០.០០០រៀល និងក្រុមហ៊ុន ពៅ រ៉ាឌី ខនស្រ្តាក់សិន ដាក់តម្លៃ ២៦៨.៦០០.០០០រៀល។ គណៈកម្មការបានសម្រេចទទួលយកសំណើរបស់ក្រុមហ៊ុន ពៅ រ៉ាឌី ខនស្រ្តាក់សិន ដែលមានតម្លៃទាបជាង។
ជុំវិញករណីនេះ ប្រភពព័ត៌មានបានឱ្យដឹងថា មិនអាចស្នើសុំប្រតិកម្មពីតំណាងក្រុមហ៊ុនទាំងពីរ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទេ មុនពេលចេញផ្សាយ។ ចំណែកឯកឧត្តម សួស ប្រាថ្នា ប្រធានអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឆ្លើយតបតាមតេឡេក្រាមថា «ទទួលបាន សូមអរគុណ!»។ រីឯប្រធាននាយកដ្ឋានស៊ើបអង្កេត និងស្រាវជ្រាវនៃអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់មានការឆ្លើយតបនៅឡើយទេ។
គួរបញ្ជាក់ថា តាមលិខិតក្រសួងមហាផ្ទៃលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបានណែនាំឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬអំពើពុករលួយ ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សួស ប្រាថ្នា និងឯកឧត្តម គីម រិទ្ធី ឱ្យពិនិត្យ និងស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកការពិត និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញមានបទល្មើស។
អង្គភាពសារព័ត៌មាននឹងបន្តតាមដានករណីនេះ និងត្រៀមផ្តល់ឯកសារ ឬភស្តុតាងពាក់ព័ន្ធដល់ស្ថាប័នមានសមត្ថកិច្ច ប្រសិនបើមានការស្នើសុំ៕
